ជីវិត​គូ

💌ស្នេហាបង្កើតគ្រួសារតើគួរតែជ្រើសរើសបែបណាទើបមិនខុស ទើបគ្មានបញ្ហាបែកបាត់នៅអនាគត? តើអ្នកណាអាចឆ្លើយបាន? មើលរឿងហើយក៏ចេះតែយកវាមកគិតព្រោះការពិតទៅរឿង​ភាគ​ច្រើន​គឺ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​ ដែលជារឿង​ពិត​ជា​ច្រើន​ដូចជា​រឿងដែលខ្ញុំធ្លាប់បានមើល​ ហើយពេលនេះដែរ​សរសេរ​វាចេញមក​ចែករំលែក​ ក៏ដូចជា​ក្រើនរំលឹក​ដល់អ្នក​មាន​គ្រួសារ​ និង​ អ្នក​បម្រុងរៀបការ​ ពិសេស​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​តែម្តង​ សង្ឃឹម​ថានៅថ្ងៃ​អនាគត​ដ៏ខ្លី​ខិត​ជិតមកដល់ថ្ងៃចូលរោងការ​ យើងទាំងពីរទៅថ្ងៃមុខគឺនៅតែដូចថ្ងៃនេះ នៅតែចេះអត់ឱនឲ្យគ្នា ផ្តល់ប្រឹក្សាឲ្យគ្នា និងមានរឿងជាច្រើនទៀតដែលគួរតែនិយាយថាយើងគ្មានចរិកដូចគ្នា តែមានការគិតប្រហាក់ប្រហែលគ្នា​ ថែមទាំង​សង្ឃឹម​ផងដែរ​ថា​អត្ថបទ​មួយនេះ​អាចជួយឲ្យ​ខ្ញុំ​ឃុំ​គ្រង​ខ្លួនឯង​ឲ្យបានច្រើន​នៅពេល​មាន​បញ្ហា​រវាង​គ្នា​ ព្រោះ​អនាគត​មើលមិនឃើញ​ 😁💞​ ងាក​មក​និយាយ​ពី​រឿង​ដែល​ខ្ញុំ​នឹង​សរសេរ​វិញម្តង​ដែលមានដូចខាងក្រោម​ ៖

-រឿងទី១ មនុស្ស២នាក់ស្រលាញ់គ្នាក៏រៀបការ តែមិនប៉ុន្មានពួកគេក៏សម្រេចចិត្តថាលែងគ្នា ព្រោះមិនអាចទ្រាំនិងទំលាប់អាក្រក់របស់គ្នាទៅវិញទៅមក តែក្រោយពីបាននៅបែកគ្នាទើបពួកគេបានដឹងថាវាហេលហាលខ្លាំងណាស់ ចេះតែនឹកឃើញអ្វីដែលខ្លួនចេះតែទើសចំពោះម្នាក់នោះ ហេតុអី…..?ពួកគេពិបាកពេលបាត់គ្នា​ ពួកគេចេះតែធ្លាប់ក្នុងការប្រាប់គ្នាកុំឲ្យធ្វើនេះ​ កុំឲ្យធ្វើនោះ​ ក៏ដូចជា​ប្រាប់គ្នាថារឿងនេះគួរតែធ្វើ​….​ និងនៅមានរឿងជាច្រើនទៀត​ តើអ្នកយល់យ៉ាងណាដែរ? ខ្ញូំចេះតែគិតថាមកពីគេទាំង២បានទំលាប់និងនៅជា១មនុស្សបែបនោះដោយមិនដឹងខ្លួន ពិសេស​គឺជា​ការ​សម្របពេលនៅជាមួយគ្នា…..។ 

-រឿងទី២ ដោយសារតែចំនុចល្អរបស់គ្នាទើបអ្នកទាំងពីរឈានដល់ការរៀបការ តែក្រោយពេលរៀបការរួចដោយសារតែចំនុចល្អនោះហើយបានធ្វើឲ្យពួកគេត្រូវលែងលះ ….. ហេតអី? អ្នកទាំង២ចេះតែគិតហើយគិតទៀតថាហេតុអី? ប្រហែល​វាជារឿងដែលអ្នក​និពន្ធ​មិនឲ្យតួរអង្គគិតឃើញ? ឯខ្ញូំអ្នកមើលវិញគឺស្តាយណាស់​ ខ្ញុំ​យល់ថាស្រលាញ់គ្នាមុនឈានដល់រៀបការគឺពួកគេបានដឹងនិងយល់ពីគ្នាអាចថាដល់​៧០ភាគរយ​ទៅហើយ មិនថា​ចំណុច​ល្អ​ឬអាក្រក់នោះទេក៏ត្រូវតែទទួលយក ផ្តល់ឲ្យ និងអ្វីជាច្រើនទៀតដែលគ្នាមាន តើក្នុងលោកនេះស្នេហាជាអ្វី ស្នេហាផ្តល់សេចក្តីសុខ ភាពរីករាយ ផ្តល់ការកើតទុក្ខ និងរឿងជាច្រើនទៀត ចុះបើមានអ្នកខ្លះដឹងថាស្នេហា១នោះនិងជួបតែរឿងពិបាកហេតុអីនៅតែព្យាយាមចាប់ទៀត? ស្រលាញ់គឺស្រលាញ់ហើយ ឈប់ស្រលាញ់ក៏បែកគ្នាទៅ ប៉ុន្តែ​ជីវិត​គូម៉េចនិងអាចផុយស្រួយ​ដូច​ស្នេហា​កំលោះ​ ក្រមុំ​ទៅ​! ស្នេហា​គឺបែបហ្នឹង​គ្មាន​អ្នក​ណា​ល្អ​ឥតខ្ចោះ​នោះ​ទេ​ ត្រូវ​ចាំថាចង់បានពីគេ​តើមានផ្តល់ឲ្យគេឬនៅ? ចុះបើខ្លួនឯងមិនល្អ​ឥតខ្ចោះ​ផងនោះ​ម៉េចក៏ចង់បានភាព​ល្អ​ឥតខ្ចោះ​ពីគេ? ខ្ញុំ​ជឿ​ថា​ជីវិត​គូវានិង​ស្រស់បំព្រង​ប្រសិន​បើយើងរៀន​ផ្តល់​ឲ្យ​គ្នា​ឲ្យបានច្រើន​ អរគុណ​បង​ស្រលាញ់​អូន​ អរគុណ​ខ្លួនឯង​សរសេរ​វាចេញមក​ទុកគ្រាន់​រំលឹក​ខ្លួនឯង​ ក្រែងថ្ងៃក្រោយឆេវឆាវ​ 😊

ការគិតចំពោះអាពាហ៍ពិពាហ៍

តើស្នេហាជាអ្វី? ស្នេហា ការស្រលាញ់ អាពាហ៍ពិពាហ៍ គ្រួសារ…….. ! ម្សិលមិញអង្គុយស្តាប់មនុស្សម្នាក់និយាយហើយពាក្យ២ឃ្លាដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺទី១ ” កាលពីមុន មុនពេលមនុស្ស២នាក់ឈានដល់ការរៀបការអ្នកដែលឈ្លោះគ្នាគឺឪពុកម្តាយទាំងសងខាង ” និងទី២ ” រីឯសម័យនេះមុនពេលរៀបការអ្នកដែលឈ្លោះគឺជាអ្នកទាំង២នោះតែម្តង ” គាត់បានបកស្រាយថា ពីមុនឪពុកម្តាយឈ្លោះគ្នាព្រោះ :
-ខាងកូនស្រី : កូនអ្នកឯងមានអីមកដណ្តឹងកូនខ្ញុំ? អាចចិញ្ចឹមកូនខ្ញុំបានទេ? អាចផ្តល់សុភមង្គលដល់កូនស្រីខ្ញុំ១ជីវិតទេ……….?ពួកគាត់មើលសប់គ្រប់ទាំងចរិក ការដើរហើរ និងរឿងជាច្រើនទៀត ……… !
-ខាងកូនប្រុស : កូនស្រីអ្នកឯងចេះអ្វីខ្លះ? មានមាយាទយ៉ាងណា? អារឿងដែលពិសេសនោះតើកូនស្រីនោះជាកូនទីប៉ុន្មាន បើជាកូនច្បងនោះច្បាស់ជាការហើយកូនប្រុសអញចិញ្ចឹមមើលថែឪពុកម្តាយក្មេក និង ប្អូនគេមិនខានទេ ! តែបើជាកូនពៅល្អម៉ងព្រោះមិនមានអ្វីខ្វល់ច្រើនហើយទ្រព្យមូលទៀត! ដល់ចំណុចនេះខ្ញុំសើចហើយនិយាយកាត់គាត់ថា ចឹងសង្ស័យតែអ្នកដែលមកដណ្តឹងខ្ញុំទាំងអស់នោះក៏ព្រោះតែខ្ញុំជាកូនពៅ? – គាត់មិនតបបែរសើចបែបចំអក :/ !
+ បែរមកសម័យនេះវិញម្តងគឺថាបញ្ហាដែលឪពុកម្តាយទាំងសងខាង ខាងលើបារម្ភពីកូនៗពួកគាត់នោះលែងសូវមានទៀតហើយព្រោះថាកូនពួកគាត់ឆ្លាតណាស់វាចេះគិតខ្លួួនវាហើយ !
ហាសហាដល់វេនខ្ញុំនិយាយម្តងហើយ :
– ខ្ញុំ : ខ្ញុំមិនដែលបានគិតចំណុចទាំងអស់ខាងលើសោះតាម៉ង ព្រោះថាខ្ញុំមើលមនុស្សឲ្យតែមនុស្ស២នាក់មានចិត្តគំនិត ឬការគិតរបស់ពួកគេប្រហាក់ប្រហែលគ្នា ពេលដែលគិតអ្វីគឺនៅលើផ្លូវតែ១នោះខ្ញុំជឿថាដំណើរជីវិតនិងទៅយ៉ាងរលូនហើយ តែសូមឲ្យចរិកខុសគ្នានោះទើបមិនងាយឈ្លោះគ្នា ។
– គាត់ : សម័យនេះអត់លុយមិនយូរទេឈ្លោះគ្នាហើយ !
– ខ្ញុំ : និយាយថាលុយវាពិតជាសំខាន់ចំពោះមនុស្សពិតមែន តែកុំភ្លេចថាកាលពីមុនភាគច្រើនគឺបុរសដែលជាមេគ្រួសារគឺរាប់រងបន្ទុកគ្រួសារស្ទើរតែទាំងស្រុងបែបនេះហើយទើបរាល់ការសំរេចចិត្តគឺនៅលើបុរស ចំណែកនារីវិញមានតែទ្រំានិងតាមប្តីតែប៉ុណ្ណោះ រីឯសម័យនេះវិញគឺរកលុយដើម្បីគ្រួសារមួយនោះស្មើរដៃគ្នា បើអ្នកទាំង២ស្រលាញ់គ្នាមានការគិតប្រហែលគ្នាដើរទៅមុខដោយរីករាយនោះ ខ្ញុំមិនជឿថាពួកគាត់រកលុយមិនបានរហូតធ្វើឲ្យឈ្លោះគ្នានោះទេ! តែបើពួកគាត់មើលឃើញលុយមុនអ្វីទាំងអស់វិញនោះខ្ញុំបែរជាជឿថាមិនយូរទេនិងមានបញ្ហាខ្វែងគំនិតគ្នាមិនខាន បើមិនមានការយល់ពីគ្នា គ្មានការឲ្យតំលៃគ្នាដោយការគោរព យកចិត្តទុកដាក់ គ្មានការលើកទឹកចិត្តគ្នា មិនមានការពិភាក្សានិងផ្តល់យោបល់ពីគ្នាទេក៏គ្រួសារមិនមានភាពរីករាយដែរ ហើយមនុស្សនៅពេលដែលមិនសប្បាយចិត្តធ្វើអ្វីក៏មិនស្ងប់ ធ្វើអ្វីក៏មិនរលូន អាចថាដើរទៅមុខមិនរួច
– គាត់ : នៅតែសើចបែបចំអកដដែល 😀

ខែវិច្ឆិកា

០៤ វិច្ឆិកា ឆ្នាំ២០១៤ ! ខ្ញុំនៅចាំបានថាថ្ងៃនេះឆ្នាំមុនគឺជាថ្ងៃដំបូងក៏ជាលើកទី១ដែលខ្ញុំបានប្រឡូកខ្លួននិងការងារផងដែរ ហើយខ្ញុំថែមទាំងនៅចាំទៀតថាខ្លួនឯងបានធ្វើការសំរេចចិត្តលះបង់ច្រើនគួរសម តែក៏ទទួលបានអ្វីដែលខ្លួនចង់បាននោះមកវិញខ្លះផងដែរ ។ តើគួរតែនិយាយថាខែវិច្ឆិកាគឺជាខែដ៏ល្អសំរាប់ខ្ញុំឬយ៉ាងណាព្រោះខែនេះគឺជាខែកំណើតរបស់ខ្ញុំ តែខ្ញុំអាចត្រឹមនិយាយបានថាប៉ុន្មានឆ្នាំក្រោយនេះខែវិច្ឆិកាគឺជាពេលមួយដែលធ្វើឲ្យខ្ញុំពិបាកចិត្ត ព្រោះឲ្យតែដល់ខែនេះគឺជាពេលមួយដែលខ្ញុំត្រូវធ្វើការសំរេចចិត្តលះបង់ បោះបង់ចោល ឬបាត់បង់អ្វីដែលខ្លួនមិនចង់ធ្វើវាទាល់តែសោះ តែដោយសារតែកាលះទេសះរួមជាមួយនិងហេតុផលជាច្រើនដែលបានមកពីការ បូក ដក គុណ ចែករបស់ខ្ញុំថាចាំបាច់ត្រូវតែធ្វើវាទោះហាក់បីដូចជាមានការខាតបង់ខ្លះសំរាប់ខ្លួនឯងក៏ដោយចុះ យ៉ាងណាក៏គ្រាន់ជាងខ្ញុំមិនធ្វើអ្វីសោះដែរ ។ ខ្ញុំនៅចាំមិនភ្លេច (២៨ វិច្ឆិកា ២០១១, ០៤វិច្ឆិកា ២០១៣ និង ០៣,០៤វិច្ឆិកា ២០១៤) ក្នុងកំឡុងខែវិច្ឆិកានៃឆ្នាំទាំង៣ខាងលើនោះវានិងស្ថិតក្នុងការចងចាំពេញ១ជីវិតរបស់ខ្ញុំ ហើយបើនិយាយទៅខែនេះក្នុងឆ្នាំ២០១៤ជាការសំរេចចិត្តរបស់ខ្ញុំគឺខាតទាំងស្រុងចំពោះខ្លួនឯងផ្ទាល់តែម្តង តែទោះយ៉ាងណានោះជាអ្វីដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន ។ ណ្ហើយធ្វើជាមនុស្សកុំសូវចូលចិត្តចំណាយពេលឲ្យដើរទៅដោយឥប្រយោជន៍ច្រើនពេក ដូច្នោះហើយរឿងគួរធ្វើមុននិងក្រោយគង់តែធ្វើទេចឹងហើយប្រឹងប្រែងធ្វើវាឲ្យរួចឆាប់ៗទៅទើបជាការល្អ ។ យើងត្រឹមជាមនុស្សធម្មតាមិនមែនទេវតាឯណា ដែលចាំបាច់ត្រូវបោះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីអ្នកដទៃនោះ ! តែបើនិយាយទៅខ្ញុំបែរជាសំរេចចិត្តបោះបង់សេចក្តីសុខរបស់ខ្លួនម្តងហើយម្តងទៀតដើម្បីអ្នកជុំវិញខ្លួនទៅវិញ ។ ខ្ញុំមិនមហិមាដល់ម្លឹងទេដឹង? ខ្ញុំពិតជាមិនដែលគិតកាន់តែមិនចង់ក្លាយជាមនុស្សអស្ចារ្យអីគេនោះដែរ ហើយរាល់ការលះបង់ទាំងនោះខ្ញុំមិនដែលមានចិត្តស្តាយក្រោយនូវអ្វីដែលខ្លួនបានធ្វើនោះទេ ទោះខឹងខ្ញុំ ស្អប់ខ្ញុំ រឺយ៉ាងណាក៏បាន សូមឲ្យតែអ្នកទាំងអស់គ្នាមិនមានបញ្ហាអ្វីនោះគឺខ្ញុំរីករាយពេកទៅហើយ ។ សំណាងមិនមែនតែងតែរត់មករកយើងរហូតនោះទេ​ ! គ្រាន់តែមានអ្នកខ្លះគាត់មានសំណាងព្រោះថាអ្វីដែលត្រូវជារបស់គាត់ទោះចំណាយពេលចោលយូរយ៉ាងណាវានៅតែជារបស់គាត់ ចុះតើមានដែលបានសាកគិតទេថាបើសិនយើងគ្មានសំណាងដូចគេវិញនោះ? ចឹងហើយមិនអ្វីដែលត្រូវជារបស់យើងសោះតែបែរទៅជារបស់គេទៅវិញ? ខ្ញុំចេះតែព្យាយាមចាំនិងប្រាប់ទៅគ្រប់គ្នាត្រូវចាំថាចាប់ឲ្យបានជាប់នូវអ្វីដែលជារបស់យើងកុំឲ្យរំលងផុតទៅឲ្យសោះ!

មួយនាទីៗ នៃជីវិតមនុស្សពិតជាលឿនណាស់គឺលឿនរហូតធ្វើឲ្យយើងស្មានមិនដល់ មិនត្រូវស្តាយក្រោយអ្វីដែលខ្លួនបានសំរេចចិត្តធ្វើវាទៅហើយនោះទេ តែត្រូវធ្វើការគិតឲ្យបានល្អិតល្អន់មុននិងសំរេចចិត្តថាធ្វើវានោះទើបជីវិតគ្មានពាក្យថាវិប្បដិសេរី  ^_^

ក្មេងស្រីក្នុងចិត្ត

មនុស្សស្រី មនុស្សស្រី មនុស្សស្រី គឺនៅតែជាស្រីដដែលហ្នឹង នរណាៗក៏និយាយដែរថាមនុស្សមានចរិក ការរិះគិតពិចារណា កិរិយាមាយាទ សំដីសំដៅ ការស្លៀកពាក់ របៀបរស់នៅគឺសុទ្ធតែមិនអាចដូចគ្នា តែតើមានមនុស្សប៉ុន្មាននាក់ទៅមើលឃើញថាមនុស្សស្រីមានចំនុចរួមមួយដែលដូចគ្នាទាំងស្រុងនោះ? ហើយប្រហែលជាចំនុចនោះហើយដែលធ្វើឲ្យមនុស្សប្រុសអាចយកចិត្តស្រ្តីបានយ៉ាងងាយ ព្រោះគេបានលាក់ទុកក្មេងស្រីម្នាក់ក្នុងចិត្តដោយមានពេលខ្លះមិនទាំងបានដឹងខ្លួនផង ^_^ ។ តើហេតុអ្វី ឬ អ្វីទៅដែលជាក្មេងស្រីក្នុងចិត្តនោះ? ដំបូងបង្អស់ខ្ញុំសូមលើកយកពណ៌មកនិយាយនោះគឺពណ៌ផ្កាឈូក បន្ទាប់មករបស់របរតែងខ្លួនតូចតាចដូចជាដង្កៀប ក្រវិល ខ្សែក ខ្សែដៃ ជញ្ជៀន នៅមានកាបូប ស្បែកជើង បន្តោងសោរ ពិសេសនោះតុក្ក​តា និងរបស់ផ្សេងជាច្រើនទៀតដែលរៀបរាប់មិនអស់ តើអ្នកដឹងទេមិនថានារីម្នាក់នោះកាច ឆ្នាស់ ចចេស រឹងរូស​ សុភាពរាបសា ម៉ឹងម៉ាត់ ស្ងប់ស្ងាត់ មិនសូវនិយាយស្តី ក្មេង ចាស់ ធាត់ ស្គម ស ខ្មៅ ហើយស្អាតឬអត់នោះទេក៏ពួកគេនៅតែស្រលាញ់ពេញចិត្តរបស់របរដូចដែលខ្ញុំបានរៀបរាប់ពីខាងលើនោះ គ្រាន់តែមានរបស់ខ្លះវាមិនសមនិង ពណ៌សម្បុរ រូបរាង្គ និង អាយុរបស់គេទើបបានជាយើងមិនបានឃើញគេប្រើវាតែប៉ុណ្ណោះ ឧទាហរណ៍ ស្រ្តីវ័យប្រហែល ៥០ឆ្នាំម្នាក់បានដើរផ្សារក៏បានឃើញស្បែកជើងកែងចោទ១គូស្អាតណាស់ហើយគាត់ក៏បានទិញវាមកក្នុងនាមថាទិញឲ្យកូន វាជាការពិតដែលគាត់បានទិញឲ្យកូនរបស់គាត់តែការដែលឃើញស្អាតហើយស្រលាញ់រហូតដល់ទិញនោះគឺជាចិត្តរបស់ក្មេងស្រីទៅវិញដែលបណ្តាលឲ្យគាត់សម្រេចថាត្រូវតែទិញស្បែកជើង១គូនោះឲ្យខានតែបាន ។ ដូចយ៉ាងខ្ញុំអញ្ចឹងមិនចូលចិត្តសោះការតែងខ្លួន និងរបស់របរបន្ទាប់បន្សំព្រោះមិនចូលចិត្តរញ៉េរញ៉ៃ​ រហូតដល់មិនខ្វះទេអ្នកដែលថាខ្ញុំនេះដូចប្រុស តែឲ្យតាឃើញបន្តោងទូស័ព្ទស្អាតមិនបានទេគឺដឹងតែទិញតាម៉ងមិនទាន់ខ្វល់ពីតម្លៃ ក៏មិនបានគិតថាទិញមកនិងមិនប្រើនោះដែរ 😀 ទាំងអស់នេះគឺសុទ្ធតែមកពីក្មេងស្រីម្នាក់នោះហើយបានជាស្រ្តីទាំងអស់មិនថាខ្ញុំឬគេឃើញរបស់ស្អាតនិងពណ៌ផ្កាឈូកមិនបានចេះតែចង់ទិញ ។ ដោយហេតុផលទាំងនេះទើបផលិតផលយ៉ាងច្រើនបានបង្កើតមកតម្រូវចិត្តស្រ្តីហើយភាគប្រើបានជោគជ័យផងដែរ  😉 ៕

អារម្មណ៍ដែលបាត់បង់

ថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០១៤ ខ្ញុំបានសម្រេចចិត្តបិទហាងរកស៊ីដែលជារបរផ្ទាល់ខ្លួនទីមួយរបស់ខ្ញុំ គ្រាន់តែគិតចង់បិទគឺជាង១ខែទៅហើយតែខ្ញុំនៅតែចិត្តមិនដាច់សោះ នេះឬហៅថាបរាជ័យ?​ខ្ញុំមិនទំលាប់សោះ មិនថាការទំនេរជាងធម្មតា មិនថារឿងលែងមានចំណូលទេគឺសុទ្ធតែខុសប្លែក តើឲ្យខ្ញុំគួរបន្ទោសអ្នកណា? អ្នកដែលធ្វើឲ្យខ្ញុំត្រូវតែដើរចេញពីការរកស៊ីនេះ ហើយរត់ទៅធ្វើការឲ្យគេ និងឲ្យអ្នកដែលខ្ញុំទុកចិត្តមើលកន្លែង? អ្នកដែលគួរបន្ទោសនោះគឺជាខ្ញុំ អ្នកណាប្រើឲ្យខ្ញុំលែងដៃពីវា!​គ្មានទេ! តែមកពីខ្ញុំតើ ដែលចង់ធ្វើដើម្បីម្នាក់នោះ និងលោភលន់ចង់រកលុយបន្ថែមដើម្បីបង្កើតរបរថ្មី១ទៀត​ មានហេតុផល និង​ ការគិតច្បាស់លាស់តែវាមិនបានដូចចិត្ត។ គេថាប្រហេសបាត់ប្រយ័ត្នគង់ពិតជាត្រូវពិតមែនហើយ ខ្ញុំទុកចិត្តឲ្យគេមើលកន្លែងដោយយល់ថាគេធ្លាប់ធ្វើការឲ្យយូរហើយទើបខ្ញុំហ៊ានប្រលែងដៃ តែតើអាចយ៉ាងម៉េចបើខ្ញុំមិននៅកន្លែង រាល់ពេលដែលខ្ញុំសួរអ្នកធ្វើការឲ្យនោះថាមានបញ្ហារឺអត់? គេតបថាអត់អីផង​ អត់អីផងតែការរកស៊ីរបស់ខ្ញុំបែរជាធ្លាក់ចុះពី១ថ្ងៃទៅ១ថ្ងៃរហូតដល់ខ្ញុំសម្រេចថាបិទ ខ្ញុំពិតជារារែកខ្លាំងណាស់តើខ្ញុំគួរជ្រើសរើសការងារដែលកំពុងតែធ្វើ រឺ បែរទៅរៀបចំហាងជាថ្មីហើយកាន់កាប់ដោយខ្លួនឯងវិញ? ខ្ញុំមានមូលហេតុ២ដូចខាងលើក្នុងការចូលធ្វើការ តែសំរាប់ការជ្រើសរើសរបររកស៊ីដែលបានបរាជ័យទៅហើយ និងការងារដែលអាចធ្វើឲ្យខ្ញុំរីកចម្រើនទៅបាននោះវាពិតជាពិបាក ហាក់គ្មានជំនឿរចិត្តទាល់តែសោះ ហើយនេះជាលើកទី១ដែលខ្ញុំបានសុំយោបល់ពីមនុស្ស២នាក់

​+អ្នកទី១ និង ខ្ញុំ

-ខ្ញុំ : ក្រោយពីបាននិយាយពីផលវិបាករបស់ខ្ញុំប្រាប់គេ​រួចក៏សួរថាតើខ្ញុំគួរជ្រើសយកមួយណា?

-អ្នកទី១​ : ខ្ញុំមិនគាំទ្រឲ្យអ្នកចូលធ្វើការ ហើយចោលការរកស៊ីតាំងពីដំបូងមកម្លះតែមកពីអ្នកចចេស រឹងរូសមិនស្តាប់ ។

-ខ្ញុំ : អញ្ចឹងមាន័យថាគេគាំទ្រឲ្យខ្ញុំងាករកការរកស៊ី ។

+អ្នកទី២ និង ខ្ញុំ

-ខ្ញុំ : នៅតែសំនួរដដែល តើខ្ញុំគួរជ្រើសរើសការរកស៊ី រឺ​ការងារ?​​

-អ្នកទី២ : គេបែរដាក់សំនួរមកខ្ញុំវិញថាច្បាស់ទេថា បិទហើយអាចបើកវិញ?

-ខ្ញុំ : អ្នកមិនជឿថាខ្ញុំធ្វើបាន?

-អ្នកទី២ : គ្រាន់តែនិយាយតាមបទពិសោធន៍ភាគច្រើនបិទហើយគឺមិនអាចបើកវិញបាន

អ្នកទី២នេះបានធ្វើឲ្យខ្ញុំគេងមិនលក់ស្ទើរតែពេញ១យប់ ខ្ញុំចេះតែគិតៗរហូតគេងលក់ តែក្រោយពីខ្ញុំក្រោកពីគេងទាំងគ្មានកំលាំងនោះ ខ្ញុំបែរជាទទួលបានការសម្រេចចិត្តជ្រើសរើសយកការរកស៊ីដែលបានបិទហើយនោះរួមជាមួយនឹងការជឿជាក់លើខ្លួនឯងទៀតផង ។ ក្រោយពីបានទទួលការផ្តល់យោបល់របស់អ្នកទាំងពីរនោះមកខ្ញុំបានអរគុណពួកគេ ពិសេសអ្នកទី២ដែលបាននិយាយធ្វើឲ្យខ្ញុំទទួលបានការជឿជាក់លើខ្លួនឯងដូចកាលពីមុន នេះទើបជាខ្ញុំ ! អរគុណ អរគុណណាស់ មនុស្សទោះបាត់បង់អ្វីគ្រប់យ៉ាងតែក៏នៅតែមិនបាត់បង់ខ្លួនឯង ដូច្នោះហើយកុំបោះបង់ចោលខ្លួនឯងនោះរាល់បញ្ហានិងអាចដោះស្រាយបាន ខ្ញុំជឿជាក់ 😀

ម្នាក់ឯង

មនុស្សភាគច្រើនតែងតែនិយាយថាឲ្យតែទៅណាមកណាម្នាក់ឯងនោះគឺឯកា ឬឯកោហើយ តែចំពោះខ្ញុំវិញមិនគិតបែបហ្នឹងទេ ខ្ញុំជាអ្នកដែលស្អប់ណាស់ពាក្យថាឯកានេះ តើហេតុអ្វីបានជាមិនគិតដូចគេគ្រប់គ្នាទៅវិញ? ព្រោះមនុស្សប្រភេទខ្ញុំនេះមិនត្រឹមតែចូលចិត្តការជួបជុំជជែកកំសាន្តសប្បាយប៉ុណ្ណោះទេ ថែមទាំងចូលចិត្តនៅម្នាក់ឯង ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ ក៏ដូចជាពិភពផ្ទាល់ខ្លួនផងដែរ​ ។​ តើហេតុអ្វីនៅពេលដែលមនុស្សមិនសប្បាយចិត្តក៏រកអ្នកលួងលោម អ្នកនៅក្បែរ ឬអ្នកជួយពិភាក្សារកដំណោះស្រាយ? ខ្ញុំអាចត្រឹមឆ្លើយថាដើម្បីជៀសវាងការគិតខ្លីដោយប្រការណាមួយ រឺដូចពាក្យចាស់និយាយថាមានគ្នាច្រើនក៏មានគំនិតច្រើន 😀 ខ្ញុំក៏មិនដឹងដែរថាតើអ្វីដែលខ្លួនបាននិយាយនេះខុស រឺត្រូវទេ​តែទោះមិនត្រូវទាំងស្រុងតែវាគឺជាចំនុចរួមមួយដែលគ្រប់ៗគ្នាឃើញថាបែបនេះ ។ ហើយមានពេលខ្លះខ្ញុំបានចោទជាសំនួរមកខ្លួនឯង តើខ្ញុំជាមនុស្សខុសគេ ឆ្កួត ច្បាស់លាស់ ចចេសមិនយកគំនិតអ្នកដទៃ ឬ មកពីខ្ញុំមិនចេះទំលាក់កំហុសដាក់គេ? ហាសហានិយាយចុះឡើងចង់អួតខ្លួនសោះធ្វើដូចជាអ្នកទទួលខុសត្រូវខ្ពស់ណាស់អញ្ចឹង !​ ចំលើយចំពោះសំនួរខាងលើនោះពិតជាដូចខ្ញុំមែន ព្រោះខ្ញុំជាអ្នកគិត អ្នកធ្វើ ហើយក៏ជាអ្នកប្រឈមមុខទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើផងដែរ​ តែហោចណាស់រាល់ការសម្រេចចិត្តរបស់ខ្ញុំគឺត្រូវផ្តល់ហេតុផលពីរឲ្យខ្លួនឯងដែរមុននិងធ្វើនោះ ។​

ក្មេងកំហូច !

  ពាក្យថាក្មេងកំហូចគឺបានមកពីក្មេងដែលមានចរិករបិលរប៉ូច ឬ ខិលខូច ហើយបើនិយាយពីចាស់ៗរបស់ប្រទេសយើងវិញគឺច្បាស់ជាថាក្មេងមិនល្អ មិនគួរឲ្យស្រលាញ់……. ។  ដូចខ្ញុំអញ្ចឹងគឺមានមនុស្សចាស់ម្នាក់ហៅខ្ញុំថាអាក្មេងកំហូច តើគាត់យល់ថាខ្ញុំជាក្មេងមិនល្អ? ការពិតទៅមិនមែនបែបហ្នឹងទាល់តែសោះ ព្រោះគាត់ថាខ្ញុំឆ្លាតឆាប់យល់ ចាប់បានអ្វីៗដែលនៅក្បែរខ្លួន និង មានចម្លើយតបយ៉ាងរហ័ស និយាយពីស្ថានការណ៍ចំពោះមុខវិញគឺដោះស្រាយបានភ្លាមៗតែម្តង ខុសពីគាត់ដែលមិនរហ័សអញ្ចឹងសោះ ថាខ្ញុំអួតក៏បានតែមិនត្រឹមតែគាត់ទេដែលថាខ្ញុំនេះឆាប់រហ័ស និង របិលរប៉ូចនោះតែអ្នកផ្សេងក៏និយាយបែបនេះដែរ ពួកគាត់និយាយថាខ្ញុំឆ្លាតគួរឲ្យស្រលាញ់ រហូតដល់មានបងម្នាក់អានរឿងមួយចប់បានមកនិយាយប្រាប់ខ្ញុំ ។ គាត់ថាក្នុងរឿងនោះមានតួស្រីម្នាក់ដែលជាអ្នកកាសែត តែខិលណាស់ជំនាញ់ខាងដុត បន្លាចគេ ឬហៅថាសាកចិត្តមនុស្ស គាត់បន្តរទៀតថាបើសិនគេយកខ្ញុំទៅសម្តែងរឿងនោះមិនដឹងសមប៉ុណ្ណាទេ ចរិកដូចបេះដាក់  😀 ។ ហាសហានិយាយទៅនៅថាក្មេងកំហូចអីទៀតបើខ្ញុំអាយុច្រើនហើយនឹង តែទោះយ៉ាងណាវាគ្រាន់តែជាងារប៉ុណ្ណោះ ហើយរូបខ្ញុំផ្ទាល់ក៏ពេញចិត្តដែរទើបបានជាខ្ញុំយកងារនេះទៅដាក់ក្នុងក្រុមតូចមួយនៅក្នុងហ្វេសប៊ុគ ដែលនៅក្នុងក្រុមនោះគឺគ្រប់ការប្រកាសរបស់ពួកយើងគឺទាក់ទងនិងកំណាព្យកាបឃ្លោង ជជែកវែកញែក និងឌឺដងដាក់គ្នា ពួកយើងអាចបញ្ចេញអារម្មណ៍ពិតនៅក្នុងក្រុមនោះ ដោយមានលក្ខ័ការណ៍ជាសម្ងាត់គឺមានតែអ្នកក្នុងក្រុមទេដែលដឹងនោះ ព្រោះពួកយើងមានបទបញ្ជាររួចស្រេចទៅហើយ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺម្នាក់ៗសុទ្ធតែមានងារជាកវីទាំងអស់ ដូច្នោះហើយគ្រប់ប្រកាសសុទ្ធតែត្រូវបានរក្សាសិទ្ធដោយមានបញ្ជាក់នៅពេលសរសេរចប់ដោយងារយើងផ្ទាល់តែម្តង ( – ក្មេងកំហូច :p ) ហាសហានេះជាងារនិងបញ្ជាក់ពីការរកស្សាសិទ្ធរបស់កំណាព្យខ្ញុំ ។ ហេសហេការពិតទៅពួកយើងមិនមែនពូកែតែងកំណាព្យ ចាប់ចុងជួនអីនោះទេ តែវាគ្រាន់ជាការលេងសើច មានខុសខ្លះត្រូវខ្លះ រួចក៏ឌឺដង ផ្លែផ្កា ជួយដោះស្រាយបញ្ហា និង ជួយរំលែកទុក្ខគ្នា ទៅវិញទៅមកព្រោះសុទ្ធសឹងយល់ចិត្តគ្នា ។ យី ! និយាយៗហួសដល់ណាដល់ណីហើយទេខ្ញុំ សរុបចុងក្រោយពាក្យថាក្មេងកំហូចសម្រាប់ខ្ញុំនោះគឺពោពេញដោយការស្រលាញ់ និង គ្រឺត ខ្ញុំដែលគួរឲ្យស្រលាញ់ទើបបានជាគាត់ហៅខ្ញុំបែបនេះ ក៏ជាមូលហេតុដែលខ្ញុំពេញចិត្តឲ្យគាត់ហៅថា ក្មេងកំហូច រហូតដែរ ៕ – ក្មេងកំហូច :p